(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូរបស់ រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន រយៈពេល ៣ថ្ងៃ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។
អមដំណើរ លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយកូនប្រុស២នាក់របស់លោកហ៊ុន សែនគឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ផងដែរ។
បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។
លោក ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិទៀតផង។
ក្រោយជំនួបលោក ហ៊ុន សែននិងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕
0 comments:
Post a Comment