រហូតមកដល់ពេលនេះ មិនទាន់រកឃើញម្ចាស់របងថ្មហ៊ុមព័ទ្ធតាមបណ្តោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុនៅឡើយទេ ខណះកម្មករកំពុងពន្លឿនការសាងសង់ឲ្យហើយតាមផែនការនៅមុនចូលឆ្នាំខ្មែរខាងមុខ។
ចំណែកមហាជនវិញ ក៏មិនចង់ដឹងរឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់អ្នកណានោះទៀតហើយ ដោយជំនួសមកវិញ ថាតើមានមូលហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាសនាល្អជាងគេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរចូលទៅក្នុងសមុទ្រដោយគ្មានឧបសគ្គបែបនេះ។
ទាំងមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋ ពុំមានអ្នកណាហ៊ានអះអាងពីម្ចាស់កម្មសិទ្ធិនៃរបងដែលកំពុងតែហ៊ុមព័ទ្ធស្របឆ្នេរខ្សាច់ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះបាននៅឡើយទេ។
បច្ចុប្បន្ន របងដែលកំពុងតែសាងសង់នេះធ្វើជិតរួចរាល់តាមផែនការមួយរយភាគរយហើយ។ តាមរយៈបទសម្ភាសន៏ដោយផ្ទាល់ជាមួយកម្មករសំណង់ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា របងដែលនៅសេសសល់នេះអាចនឹងត្រូវបញ្ចប់រួចរាល់នៅមុនចូលឆ្នាំខ្មែរខាងមុខ។
រីឯលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបដិសេធកាលពីថ្ងៃទី២ ខែកុម្ភៈ ថាក្នុងនាមរដ្ឋបាលខេត្ត មិនអាចផ្តល់ការអត្ថាធិប្បាយជុំវិញកិច្ចការសម្ងាត់ ថាតើអ្នកណាជាម្ចាស់កម្មសិទ្ធិនេះបានទេ ព្រោះនាំឱ្យប៉ះពាល់ទៅដល់សិទ្ធិឯកជនរបស់នីតិបុគ្គល។
បើតាមលោក ឡុង ឌីម៉ង់ អ្វីដែលលោកអាចឆ្លើយបំភ្លឺបាននៅពេលនេះ គឺម្ចាស់កម្មសិទ្ធិទទួលបានច្បាប់កាន់កាប់ត្រឹមត្រូវ ហើយការសាងសង់របងនេះក៏មិនប៉ះពាល់ដល់ចំណីឆ្នេរដែរ។
លោកបន្តថា៖ «ដីហ្នឹងដីមានបណ្ណកម្មសិទ្ធិរួចហើយ។ នៅក្នុងបណ្ណកម្មសិទ្ធិ ដូចជាក្រុមហ៊ុន។ ខ្ញុំបញ្ជាក់ជូនអត់កើត ព្រោះបណ្ណកម្មសិទ្ធិ គេអត់ឱ្យយើងបញ្ចេញឈ្មោះជាសាធារណៈទេ»។
លោក ឡុង ឌីម៉ង់ ត្រូវបានកាសែតក្នុងស្រុកស្រង់សម្ដីមកចុះផ្សាយថា ទីតាំងដីដែលកំពុងរងការរិះគន់នេះ ជាអតីតទីស្នាក់ការវរៈនគរបាលការពារព្រំដែនទឹក។ ផ្ទៃដីជាង ៨ពាន់ម៉ែត្រការ៉េនេះ (៨ ៤០០) ដែលស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ត្រូវបានរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ កាន់កាប់ដោយក្រុមហ៊ុនឯកជនមួយនៅអំឡុងឆ្នាំ២០០៧ ហើយនៅឆ្នាំ២០០៨ រដ្ឋបានចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យទៅនីតិបុគ្គលធ្វើជាម្ចាស់កម្មសិទ្ធិ រហូតដល់ពេលបច្ចុប្បន្ន៕
0 comments:
Post a Comment