រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ទទួលស្វាគមន៍ភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបានអះអាងថា ឆ្នាំ២០២៣នេះ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ដោយរំពឹងថាចាប់ពីខែមីនា ឆ្នាំនេះទៅ ភ្ញៀវទេសចរចិនមកលេងកម្សាន្តនៅកម្ពុជានឹងមានការកើនឡើងជាលំដាប់។
ថ្លែងក្នុងឱកាសទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ក្នុងឆ្នាំ២០២៣។
ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានឱ្យដឹងថា ភ្ញៀវទេសចរចិនជាង១០០នាក់ដែលមកកម្ពុជានេះ គឺជាជើងហោះហើរពីទីក្រុងប៉េកាំង មកភ្នំពេញ ឡើងវិញ លើកទី១ ក្រោយពីរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបានស្រង់ប្រសាសន៍របស់លោក ថោង ខុន ដោយនិយាយថា ភ្ញៀវទេសចរចិនដែលចុះមកកាលពីថ្ងៃទី៧ ខែកុម្ភៈនេះ គឺមានចំនួន ១២៥នាក់ អ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។
ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ បានសរសេរថា៖ «ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិន គឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក»។
លោក ថោង ខុន បានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីង មកសៀមរាប និងពីសៀងហៃ មកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះមានសុទិដ្ឋិនិយមថា ការធ្វើដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍បន្តថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥ ០០០នាក់ដែរ។ ចំនួននេះ ក្រសួងថាមានការកើនឡើង ៩១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១ ៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន១ ១៧៨ជើង៕
0 comments:
Post a Comment