មន្ត្រីអាមេរិកអះអាងថា រូបភាពពីយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះលើទឹកដីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ត្រូវបានបំពាក់យ៉ាងល្អឥតខ្ចោះសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនដើម្បីសិក្សាអាកាសធាតុដូចដែលចិនបានលើកឡើងឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ប្រភពដដែលបន្តថា រូបភាពលម្អិតដែលថតដោយយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា ឧបករណ៍ដែលបំពាក់នៅលើបាឡុងនោះ គឺសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនសម្រាប់សិក្សាអាកាសធាតុឡើយ។
មន្ត្រីរូបនេះបន្ថែមថា៖ «វាមានអង់តែនជាច្រើនដែលមានសមត្ថភាពប្រមូលព័ត៌មាន និងកំណត់ទីតាំងភូមិសាស្ត្រ»។
មន្ត្រីរូបនេះបន្ថែមទៀតថា៖ «បាឡុងនេះបំពាក់ដោយបន្ទះថាមពលសូឡាដែលមានទំហំធំល្មមដើម្បីផលិតថាមពលដែលត្រូវការ ដើម្បីដំណើរការសេនសឺ [sensor] ប្រមូលព័ត៌មាន»។
មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា បាឡុងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះប្រជាជនចិន ហើយជាបាឡុងមួយក្នុងចំណោមបាឡុងដែលចិនបានបង្ហោះទៅជាង៤០ប្រទេស នៅលើទ្វីបចំនួន៥ ដើម្បីស៊ើបការណ៍។
មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអង្គភាពរបស់ចិនដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់បាឡុងនេះ ដែលអាចនឹងមានការដាក់ទណ្ឌកម្ម។
គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបាញ់ទម្លាក់បាឡុងរបស់ចិន ដែលខ្លួនអះអាងថាជាបាឡុងចារកម្ម នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវាបានហោះចូលដែនអាកាសអាមេរិក នៅជិតរដ្ឋអាឡាស្កា (Alaska) អស់រយៈពេលមួយសប្តាហ៍ និងបន្ទាប់ពីបានហោះឆ្លងកាត់តំបន់ជាច្រើនរបស់អាមេរិក ដោយហោះលើតំបន់រក្សាមីស៊ីលនុយក្លេអ៊ែរក្រោមដី និងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ (B1B)។
ពាក់ព័ន្ធនឹងករណីនេះ ប្រទេសចិនបានថ្កោលទោសជាខ្លាំងចំពោះចំណាត់ការរបស់អាមេរិក ដោយថាជា «ទង្វើជ្រុលហួសហេតុ»។
ចិនបានទទួលស្គាល់ថា បាឡុងនោះជារបស់ខ្លួន ប៉ុន្តែវាជាបាឡុងស៊ីវិល ដើម្បីសិក្សាអាកាសធាតុតែប៉ុណ្ណោះ និងបានហោះចូលទឹកដីអាមេរិកដោយអចេតនា។
ទាក់ទិននឹងករណីនេះ អាមេរិកបានច្រានចោលការអះអាងរបស់ចិន ដែលថាបាឡុងនេះគឺជាបាឡុងស៊ីវិល ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានអះអាងថា បាឡុងនេះគឺជាបាឡុងចារកម្ម ដើម្បីឈ្លបយកការណ៍ក្នុងទឹកដីអាមេរិក។
សូមរម្លឹកថា បាឡុងរបស់ចិនបានហោះចូលទឹកដីអាមេរិក នៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) ដែលបានគ្រោងទុកក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងមហាអំណាចទាំងពីរនេះ។ ក៏ប៉ុន្តែ បន្ទាប់ពីហេតុការណ៍នេះកើតឡើង លោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងវិញ៕
0 comments:
Post a Comment