(វ៉ាសុីនតោន)៖ នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA លោក វីលៀម បឺន (William Burns) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មហិច្ឆតារបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ចំពោះកោះតៃវ៉ាន់ គឺមិនគួរត្រូវមើលស្រាលនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក បឺន បានលើកឡើងថា យោងតាមព័ត៌មានស៊ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិកជឿជាក់ថា លោក សុីជិនពីង ត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការលើកទ័ពវាយលុកចូលតៃវ៉ាន់ យ៉ាងយូរនៅត្រឹមឆ្នាំ២០២៧។ បើតាមនាយក CIA រូបនេះ វាមិនមែនមានន័យច្បាស់ថា លោក ស៉ី បានសម្រេចចិត្តបើកការឈ្លានពាននៅឆ្នាំ២០២៧ ឬក៏នៅឆ្នាំណាមួយផ្សេងឡើយ ប៉ុន្តែវាគឺជាការក្រើនរំឭកអំពីភាពប្រាកដប្រជា នៃការផ្តោតយកចិត្តទុកដាក់ ក៏ដូចជាមហិច្ឆតារបស់លោក សុី ជិនពីង។
លោក វីលៀម បឺន បានសង្កត់ធ្ងន់ដូច្នេះថា «ការស្ទាបស្ទង់វាយតម្លៃរបស់យើងនៅ CIA គឺថា ខ្ញុំនឹងមិនមើលស្រាលចំពោះមហិច្ឆតារបស់លោក ស៉ី ជិនពីង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ឡើយ»។ បើតាមលោក បឺន នាពេលនេះ លោកប្រធានាធិបតីចិនប្រហែលកំពុងសិក្សាអំពីបទពិសោធន៍ ដែលកងទ័ពនិងប្រព័ន្ធសព្វាវុធរបស់រុស្សុី បានជួបប្រទះក្នុងសង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្សុីនៅអ៊ុយក្រែន បានបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំង ក្នុងចំណោមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ជុំវិញលទ្ធភាពដែលថា ចិនអាចនឹងធ្វើសកម្មភាពស្រដៀងគ្នាចំពោះកោះតៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន៕
0 comments:
Post a Comment