Sunday, April 06, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, May 18, 2019

បុណ្យវិសាខបូជា គឺជាពិធីបុណ្យអ្វី?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ អ្នកកាន់ព្រះពុទ្ធសាសនាទាំងពួងត្រូវដឹងថា«ថ្ងៃ ទី១៥កើត ខែវិសាខ គឺជាថ្ងៃនៃពិធី បុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនា ដែលត្រូវពុទ្ធសាសនិកហៅថា បុណ្យ វិសាខបូជា»។វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិក ចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោម បុណ្យដទៃទៀតនៃ ព្រះពុទ្ធសាសនា ព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃ សម័យ កាលរបស់ ព្រះសម្មាសម្ពុទ្ធសមណគោតម។ ព្រឹត្តិការណ៍ធំៗទាំង៣នោះរួមមាន ថ្ងៃដែលព្រះអង្គ ទ្រង់បានប្រសូត ទ្រង់បានត្រាស់ដឹង និងបរិនិព្វាន។
ព្រឹត្តិការណ៍ទាំងបីនេះបានកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុង ខែវិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ គ្រប់ប្រទេសទាំងអស់ដែលបានគោរពព្រះពុទ្ធសាសនា នៅ ភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើទិវាវិសាខបូជា ហើយដែលពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ។

មិនតែប៉ុណ្ណោះពិធីបុណ្យវិសាខបូជា ក៏ត្រូវបានអង្គការសហប្រជាជាតិ បានចាត់ទុកជាប្រការដែល គួរឲ្យកត់សម្គាល់នោះ គឺអង្គការសហប្រជាជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ បានប្រកាសទទួល ស្គាល់បុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិ ដោយមានការស្នើសុំពីប្រទេសនានានៅលើសកល លោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជាផងដែរ ហើយបានដាក់ឈ្មោះថា UN-វិសាខ ឬវិសាខបូជា នៃអង្គការសហប្រជាជាតិ។

តើមូលហេតុអ្វីបានជាព្រះពុទ្ធសាសនាអាចធ្វើឲ្យពិធីបុណ្យវិសាខបូជាអាចធ្វើឲ្យអង្គការសហ ប្រជាជាតិចាត់ទុកជាពិធិបុណ្យអន្តរជាតិ ភិក្ខុសតិប៉ាលោ សុខ សុភៃ គង់នៅវត្តនិគ្រោធគល់ទទឹង បានបង្ហាញឲ្យដឹងថា...«ដោយសារគោលការណ៍ពិធីបុណ្យនេះ បើយើងនិយាយទៅមានឈ្មោះ ថាបុណ្យ តែបើយើងនិយាយពីគោលការណ៍នៃពិធីបុណ្យគឺសំខាន់ខ្លាំងមែនទែន។ តួយ៉ាងដូចជាថ្ងៃព្រះត្រាស់ដឹង គឺជាថ្ងៃនាំមកនូវចំណេះដឹង បញ្ញា ក្នុងការគោលការណ៍ការប្រព្រឹត្តិ ប្រតិបត្តិ របស់ព្រះមានន័យថាសំខាន់ជាងអ្វីៗទាំងអស់ប្រសិនអ្នក ដែលបានយល់ដឹង ដូច្នេះ ហើយទើបអង្គការសហប្រជាជាតិ ដែលជាអ្នកចេះដឹងដែរ ហើយការស្រាវជ្រាវបែបវិជ្ជាសាស្រ្ត ប្រៀបធៀបនិងពុទ្ធនិយម វាអាចនិងប្រហាក់ប្រហែលគ្នា ហើយចំណេះដឹងដែលជ្រាលជ្រៅ ក្នុងព្រះពុទ្ធសាសនាជួនកាលអ្នកវិទ្យាសាស្រ្តក៏ស្រាវជ្រាវអត់ដឹងដែរ។

ដូច្នេះបានគេឃើញថា ការកើតឡើងនៃព្រះសាមាសម្ពុទ្ធ គឺជាកើតឡើងនៃបុគ្គលដ៏អស្ចារ្យ ក្នុងលោកពីព្រោះព្រះអង្គ ទ្រង់ជ្រាបនៃអ្វីដែលវិទ្យាសាស្រ្តមិនអាចរកឃើញ ដូចជា ចិត្ត ចេតសិក រូប និព្វាន ដែលមានន័យថាការត្រាស់ដឹងរបស់ព្រះ គឺត្រាស់ដឹងដោយធម្មជាតិ ធម្មជាតិពិត ដែលមាននៅក្នុងលោក ដូច្នេះព្រះអង្គទ្រង់បង្ហាញ ប្រាប់ពីការពិតទាំងនេះ។

តាមពិតសាសនាដ៍ទៃមិនមែនមិនមានសារៈសំខាន់ទេ តែព្រះអង្គបានលើកឡើងជាកណ្ដាលថា កាលណាអរិយមគ្គ អង្គទាំង៨មាននៅក្នុងទីណា អ្នកប្រព្រឹត្តទៅតាមអង្គទាំង៨នេះទៅ នោះនិង ធ្វើឲ្យអ្នកមានសេចក្ដីសុខ។ ដោយសារតែធម៌របស់ព្រះសមាសម្ពុទ្ធហាក់ដូចជានាំសេចក្ដីសុខ សុភមង្គលដល់ពិភពលោក ទើបអង្គការសហប្រជាជាតិសម្រេចយកពិធីបុណ្យវិសាខបូជាមក បញ្ចូលជាពិធីបុណ្យទូទាំងពិភពលោក»

ពិតណាស់នៅក្នុងឱកាសពិធីបុណ្យវិសាខបូជា ក្រៅពីថ្ងៃឈប់សម្រាកពីការងាររបស់ប្រជាជន កម្ពុជាគ្រប់វត្តអារាម សុទ្ធសឹងតែប្រារព្ធពិធីបុណ្យសាសនាដ៏ធំមួយនេះផងដែរ។ ដែលមានទាំងការរាប់បាត្រ និងការកម្មវិធីសុំសីលជាច្រើនផ្សេងទៀត ក្នុងនោះក៏មានវត្តអារាមខ្លះ បានរៀបចំកម្មវិធីបំបួសរយៈពេលខ្លីសម្រាប់ពុទ្ធបរិស័ទ ដែលចង់សាងផ្នួសរក្សាសីល តែមិនមាន ពេលច្រើនទៀតផង។

យ៉ាងណាមិញក្នុងនាមជាពុទ្ធបរិស័ទ ភិក្ខុសតិប៉ាលោ សុខ សុភៃ បានណែនាំបន្ថែមទៀតជុំវិញ ប្រការគួរអនុវត្តរបស់ពុទ្ធបរិស័ទថា៖ «នៅក្នុងថ្ងៃវិសាខបូជានេះអាត្មាយល់ថា គួរតែយកទីវត្តអារាម ជាទីរម្មណីយដ្ឋានសម្រាប់យើងយកទៅកម្សាន្ត ដើម្បីស្វែងរកសេចក្ដីសុខនៅក្នុងផ្លូវចិត្តរបស់យើង ហើយនៅក្នុងថ្ងៃវិសាខបូជានេះ តាមប្រពៃណីខ្មែរយើ បើយល់ល្អយើងស្លៀកពាក់សទាំងអស់គ្នា ដែលសម្ដែងឲ្យឃើញថាពុទ្ធបរិស័ទយើងមានទឹកចិត្តស ចូលរួមក្នុងថ្ងៃវិសាខបូជាហ្នឹងបើសិនជា អាចទៅបានគឺល្អមែនទែន។ រឹតតែល្អទៅទៀតថ្ងៃវិសាខបូជាគួរតែរក្សាសីលទាំងអស់គ្នា ទាំងសីល ៥ ឬឧបោសថសីល ទាំងអស់គ្នាមួយថ្ងៃនេះបានទៀតគឺរឹតតែល្អមែនទែន»

តាមប្រពៃណីពិធីបុណ្យវិសាខបូជា គេតែងតែធ្វើឡើងនាពេលរាត្រី ស្របទៅតាមពពាក្យថា «បុណ្ណមី» ដែលមានសេចក្ដីថា ខែពេញបូរណ៌មី។ ហើយនារាត្រីថ្ងៃវិសាខបូជានេះគេមានអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គសនីឲ្យភ្លឺរុងរឿង រន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀតក៏ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា បំពេញកុសល កម្ម ដោយសប្បាយរីករាយនាពេលរាត្រីផងដែរ៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger