(ភ្នំពេញ)៖ ខណៈនៅសល់តែ៤ថ្ងៃទៀត ប៉ុណ្ណោះដល់ថ្ងៃកំណត់នៃការធ្វើមាតុភូមិនិវត្តន៏របស់ មេបក្សប្រឆាំង លោកសម រង្សុីមកកម្ពុជាវិញនោះ បុរសខ្លាំង នាយករដ្ឋមន្ត្រី ហ៊ុន សែននៅព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ជនរួមជាតិឱ្យត្រៀមអាហារ អំបុក ចេកទុំ ដូងខ្ចី ដើម្បីត្រៀមអកអំបុក ក្នុងឱកាសបុណ្យអុំទូក បណ្តែបប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹង ចូលមកដល់ក្នុងរយះពេល៤ថ្ងៃ ខាងមុខទៀតនេះដែរ។
បុរសខ្លាំងហ៊ុន សែន ដែលបានទទួលអាវយឺតកីឡាបាល់ទាត់ លេខ៩ដែលជាលេខសំគាល់ជា កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមនៅក្នុងក្រុមរបស់ខ្លួនពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នោះ បាន ប្រកាសនៅលើបណ្តាញសង្គម Facebookផ្លូវការរបស់ខ្លួន ដូច្នេះថា៖ «នៅសល់តែ៤ថ្ងៃទៀត ប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០ ដល់១២ វិច្ឆិកា។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ចូលរួមកំសាន្តសប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត នានា ហើយសូមត្រៀមអំបុក, ចេកទុំ, ដូងខ្ចី...ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នា នៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”»។
ឆ្លៀតឱកាសនេះ បុរសខ្លាំង ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ឱ្យជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នាផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា បុរសខ្លាំងនៃកម្ពុជាបានដឹកនាំគណៈប្រតិភូវិលត្រឡប់ មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក បានផ្តល់ឱកាសឱ្យប្រទេស សមាជិកអាស៊ានទាំងអស់ បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍ រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ជាពិសេសពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និងវិបុលភាព ប្រកបដោយចីរភាពនៅក្នុងតំបន់។
ចំណែកលោកសម រង្សុីវិញនៅតែបន្តប្រកាសថាលោកនឹងឈានជើងចូលទឹកដីកម្ពុជាតាមច្រក ណាមួយជាប់ព្រំដែនជាមួយប្រទេសថៃនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ ខណះរាជរដ្ឋាភិបាលកំពុងត្រៀម កងកម្លាំងចម្រុះរាប់ពាន់នាក់ប្រដាប់ដោយអាវុធគ្រប់ធន់ដើម្បីស្វាគមន៏លោកសម រង្សុីទាំងនៅ តាមព្រំដែននិងនៅក្នុងរាជធានីភ្នំពេញ៕
0 comments:
Post a Comment