Saturday, April 05, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, April 4, 2020

សម្តេចតេជោ ហ៊ុន សែន ពន្យល់ជនរួមជាតិអំពីហេតុអ្វី បានជាសម្តេចមានថ្ងៃកំណើត២!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ជារយៈពេលគម្រប់៥០ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចជ្រើសយកថ្ងៃ «៤ មេសា» ជាថ្ងៃកំណើត ទី២របស់ សម្តច។
សម្តេចតេជោបញ្ជាក់ថា«ផ្ងៃ «៤ មេសា» មិនមែនជាថ្ងៃកំណើតពិតរបស់សម្តេចនោះទេ ហើយ ថ្ងៃកំណើតពិត ថ្ងៃដែលសម្តេចប្រសូត្រលើភពផែនដីនេះ គឺថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ១៩៥២» ដែលថ្ងៃកំណើតដំបូងរបស់សម្តេច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃ «៤ មេសា» គឺជាថ្ងៃដែល សម្តេចសម្រេចចិត្តដើរចូលព្រៃម៉ាគីតស៊ូរំដោះប្រទេសតាមការអំពាវនាវរបស់សម្តេចព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ កាលពី៥០ឆ្នាំមុន។ សម្តេចតេជោ បានរំលឹកថា ពេលចូលដល់ជំរំក្នុងព្រៃ ជ្រៅគេបានធ្វើប្រវត្តិរូបសម្តេច និងមនុស្សជាង៣០០នាក់ទៀតតែដោយពុំចាំថ្ងៃកំណើត ទើប សម្តេចសម្រេចជ្រើសយកថ្ងៃ «៤ មេសា ១៩៥២» ធ្វើជាថ្ងៃកំណើតតែម្តងទៅ។
ថ្ងៃកំណើតដែលជ្រើសរើសក្នុងពេលចូលព្រៃតស៊ូប្តូរពីជីវភាពពីជនស៊ីវិល ទៅជាកងយុទ្ធជននេះ ក៏ត្រូវបានសម្តេចតេជោសម្រេចប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។
ខាងក្រោមគឺជាការពន្យល់ទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅលើ Facebook របស់ សម្តេច ពាក់ព័ន្ធនឹងការជ្រើសយកថ្ងៃ «៤ មេសា» ប្រើជាថ្ងៃកំណើតប្រើផ្លូវការ៖ឆ្នាំនេះជាខួប លើកទី៥០ដែលខ្ញុំបានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើត ដែលជាពេលវេលាសមស្រប សម្រាប់ការបកស្រាយ ដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់ថា ហេតុអីលោក ហ៊ុន សែន មានថ្ងៃកំណើតពីរ និងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?
តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃកំណើតទៅវិញ?
៥០ឆ្នាំមុន គឺនៅថ្ងៃ៤ មេសា១៩៧០ ខ្ញុំចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ ធ្វើប្រវត្តិរូប។ ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះ ខ្ញុំបានយកថ្ងៃ៤ មេសា ដែលជាថ្ងៃខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើត តែម្តងគឺថ្ងៃ៤ មេសា ១៩៥២។
ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ ជាថ្ងៃកំណើតតាំងពីថ្ងៃ៤ មេសា ១៩៧០រហូតដល់ថ្ងៃ៨ ខែមករា ១៩៧៩ ទើបដូរឆ្នាំមក១៩៥១វិញ។ ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១ វិញ? បន្ទាប់ពីរំដោះកម្ពុជា ចេញពីរបប ប៉ុល ពតថ្ងៃ៧ មករា ១៩៧៩ ថ្ងៃ៨ មករា ១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជន បដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើងខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង។ ការដូរពីឆ្នាំ១៩៥២ មក ១៩៥១ មានហេតុ ផលពីរទី១អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេង រួចទៅហើយ។ ទី២ ខ្ញុំមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង ២៦ឆ្នាំពិតជាក្មេងពេក ប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង៤០ ឬជាង ៥០ឆ្នាំ។
ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤ មករា ១៩៨៥ ខ្ញុំក៏មិនព្រមកែទៀតដោយសារ ពេលនោះ ខ្ញុំក៏ទើបមានអាយុជាង ៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនា ពេលនោះ។
នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤ មេសា ដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែល ខ្ញុំតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តមសីហនុ៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger