សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 7, 2017

អ្នកច្បាប់ប្រតិកម្មនឹងរដ្ឋាភិបាលប្រើតុលាការកំពូលឲ្យរំលាយ បក្សប្រឆាំងចោលមុនការបោះ ឆ្នោតជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



អ្នកច្បាប់ និងអ្នកឃ្លំាមើលកិច្ចការបោះឆ្នោត លើកឡើងស្រដៀងៗគ្នា​ថា តុលាការកំពូលមិនអាច ឈានដល់ការរំលាយ​គណបក្សសង្គ្រោះជាតិបានទេពីព្រោះវា នឹងធ្វើឲ្យ​ប៉ះពាល់ដល់ស្ថាប័នធំៗ ចំនួន៣ រួមមាន ស្ថាប័ន រដ្ឋសភា គណះកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង​ ឃុំ-សង្កាត់  ដែលគណបក្សប្រឆាំងដ៏ធំនេះមានអសនះ នៅក្នុងស្ថាប័នក្របខណ្ឌរដ្ឋនិង
នយោបាយ ជាតិទាំង៣នេះ។
ការលើកឡើងនេះ ធ្វើឡើងប​ន្ទាប់ពីក្រុមមេធាវី​ក្រសួងមហាផ្ទៃមានគ្នា៥នាក់ដែលដឹកនាំដោយ លោក គី តិច បានប្តឹងទៅតុលាការ​កំពូល​​​​​នៅថ្ងៃទី៦ខែតុលានេះ  ដោយប្តឹង ទាមទារឲ្យរំលាយ គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា ហើយពួកគេថាមានភស្តុតាងដល់ ទៅ២១ចំណុច សម្រាប់ដាក់បន្ទុកលើបក្សប្រឆាំងមួយនេះ។
លោកមេធាវី ហុង គឹមសួន បានពន្យល់តាមនីតិវិធីច្បាប់ថា ក្រុមមេធាវីក្រសួងមហាផ្ទៃ ដែលប្តឹង​តុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនោះ ធ្វើខុសនីតិវិធីច្បាប់ ដោយថា សំណុំរឿង​លោក កឹម សុខា កំពុង​ស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ​។
មេធាវីរូបនោះ ពន្យល់ទៀតថា បើតុលាការកំពូលពិតជាសម្រេច ​រំលាយគណបក្ស​ប្រឆំាង ​តាម​ការចង់​បាន​របស់​ក្រសួងមហាផ្ទៃមែននោះ លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នធំៗបី ហើយ សមាជិករដ្ឋសភា សមា​ជិក​​ក្រុមប្រឹក្សាឃុំសង្កាត់ មួយចំនួន ​មកពី​គណ​បក្ស​ប្រឆំាង ​ដែល​កំពុង​បំរើការ​ងារ​នៅក្នុងស្ថាប័នទំាងនោះ ក៏ត្រូវបញ្ចប់ពីតួនាទីដែរ​។
លោកពន្យល់ថា៖ «មិនមែនតែសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ឬក៏សមាជិកក្រុមប្រឹក្សាខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់​អីទេ អ្នកដែលជាមនុស្សរបស់បក្ស​ គឺត្រូវ​តែបាត់បង់​តំណែងនៅក្នុង​អាណត្តិទំាងស្រុង គឺថាមួយខ្សែ​តែម្តង តែមិនត្រឹមតែប៉ុណ្នឹងទេ ប៉ះពាល់ដល់​ឆន្ទៈ ប៉ះពាល់​ដល់​សេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ​រាប់លា​ន​នាក់ ដែ​លបានគំាទ្របក្សទៀត គឺទៅទំាងអស់​​​»
ចំណែក នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី បានអះអាងប្រហាក់ប្រហែល នឹង លោក មេធាវី ហុង គឹមសួនដែរ។ ប៉ុន្តែ លោកថា ដំណាក់កាលនេះ ព្រះមហាក្សត្រ​មានតួនាទី​សំខាន់​ក្នុងការធានាឯក​ភាពជាតិ ហើយព្រះអង្គត្រូវ​កោះហៅ​អ្នក​នយោបាយជជែកគ្នា ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​​​នយោបាយនៅកម្ពុជា​ មាន​ភាព​ល្អប្រសើរ​ឡើងវិញ​ ទើប​ធ្វើឲ្យ​ការបោះឆ្នោត​ឆ្នាំ២០១៨​​ មាន​ការ​ទទួល​ស្គាល់ពីសហគមន៍​អន្តរជាតិ​។
កមានប្រសាន៍​ថា៖ «វិធីសាស្ត្រច្រើន ដែលអាចដោះស្រាយបាន ខ្ញុំមើលទៅ វិធីដូចកាលវប្បធម៌ សន្ទនារៀបចំ .. កែទម្រង់សព្វបែបយ៉ាងចូលសភាមួយ វិធីសាស្ត្រទីពីរ ព្រោះមហាក្សត្រក៏ ដើរតួសំខាន់ដែរ ហៅ អញ្ជើញអ្នកពាក់ព័ន្ធទំាងអស់មកសម្របសម្រួលគ្នា រកដំណោះស្រាយ កិច្ចព្រមព្រៀងរួមណាមួយ គាត់[ព្រះមហាក្សត្រ]ដើរតួសំខាន់ទៅក៏ចប់ដែរ អាចឈានទៅមុខបានហើយ វាស្ថានភាពនយោបាយ វាលែងឡើងកម្តៅហើយ»
សំណុំរឿងលោក កឹម សុខា ត្រូវ​បានគណបក្សនយោបាយចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា គឺ​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ និងគណបក្សទើបបង្កើតថ្មីមួយឈ្មោះ គណបក្ស​យុវ​ជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំរំលាយគណបក្សប្រឆំាងនោះ។ បន្ទាប់មក​នៅថ្ងៃនេះ​ ​​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ ក៏​​បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង​ទៅ​តុលាការ​កំពូល ដោយសុំ​រំលាយ​​គណ​បក្សស​ង្គ្រោះ​ជា​តិផង​ដែរ​។
សរុបមក​វិញ អ្នកច្បាប់ និងអ្នកឃ្លាំមើលកិច្ចការបោះឆ្នោត បាន​អះអាងប្រហាក់ប្រហែលគ្នា​ថា បើរំលាយ​បក្សប្រ​ឆំាង ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថាប័នធំៗបី ហើយមន្ត្រីគណបក្សប្រឆំាងទំាង អស់ ក៏ត្រូវ​ឈប់ពីតួនាទី។ នៅពេលនោះ ពួកគេថា នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរ ថយ ក្រោយ ផ្ទុយពីរដ្ឋធម្មនុញ្ញ។
គួររំឮកថា ការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣ គណបក្សប្រឆំាងទទួលបាន៥៥អាសនៈ គណ​បក្សប្រ​ជាជន​កម្ពុជា​ទទួលបាន៦៨អាសនៈ។ ហើយ ក្រោយមក​ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជា​ជនកម្ពុជា ដែ​ល​ធ្លាប់គ្រប់គ្រង មេឃុំ-សង្កាត់ ចំនួន១ ៥៩២ កាលពីឆ្នាំ២០១២នោះ បា​ន​ថយ​​​ចុះមក១ ១៥៦​ វិញ នៅឆ្នាំ​២០១៧នេះ។ ពោល គឺបាត់អស់ជិត៥០០មេឃុំ និងចៅសង្កាត់​។
ចំណែ​ក ​បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង ៤០មេឃុំ និងចៅសង្កាត់ នៅឆ្នាំ២០១២ បានកើន​ឡើង​ដល់​៤៨៩ឃុំ​​-សង្កា​​ត់​​នៅឆ្នាំ២០១៧នេះ ខណៈគណបក្សចំនួន១០ផ្សេងទៀត រួមទាំងគណ​បក្ស យុវជន​កម្ពុជា​​​​ផង​នោះ មិនបានជាប់សូម្បីតែសមាជិកក្រុមប្រឹក្សាឃុំ ឬចៅសង្កាត់នោះទេ។ ករណីនេះ​ អ្នកច្បាប់អះអាងថា បើ​រំលាយ​បក្ស​ប្រឆំាង និងធ្វើឲ្យប៉ះពាល់ដល់​អសនៈទំាងនោះ
របស់​គណបក្សសង្គ្រោះជាតិ​​។
សារព័ត៌មានជាតិខ្មែរ មិនអាចទាក់ទងលោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបនឹងការអះអាងរបស់ក្រុមអ្នកច្បាប់និងអង្គកាសង្គមស៊ីវិលបានទេ នៅព្រឹកថ្ងៃ សៅរ៍ នេះ ដោយទូរសព្ទរបស់លោក ហៅចូលហើយ​តែមានអ្នកផ្សេងលើកវិញ ដោយអ្នកកាន់ទូរសព្ទ នោះប្រាប់ថា ឯកឧត្តមប្តូរលេខថ្មីហើយ។ បើបង ស្គាល់គាត់ តេ(ទូរសព្ទ)ទៅលេខថ្មីរបស់គាត់ ទៅ។
ចំណែកមន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះវិញ មិនទាន់ឃើញមានប្រតិកម្មនឹងចំណាត់ការ ឈានទៅរករំលាយគណបក្សរបស់ចោលនោះទេ។ រីឯគណបក្សតូចៗ គ្មានអសនះទាំងក្នុងសភា និងតាមឃុំ-សង្កាត់វិញកំពុងសម្លឹងមើលកៅអីសភា និងមេឃុំ និងចៅសង្កាត់ព្រមទាំងតំណែងក្រុម ប្រឹក្សា ឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger