រដ្ឋាភិបាល តាមរយះក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានសម្រេចលុបចោលគណបក្សនយោបាយចំនួន ២០ ដោយថា ការសម្រេចបែបនេះស្របទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានកែប្រែនៅដើមឆ្នាំនេះ។
ក្នុងសេចក្ដីសម្រេចមួយចេញនៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចលុបចោលគណបក្សនយោបាយចំនួន២០ តែក្នុងចំណោមនោះមិនមាន គណបក្សសង្គ្រោះជាតិ ដែល ជាគូប្រជែងដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
ក្នុងសេចក្ដីសម្រេចនោះ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការសម្រេចលុបចោលគណបក្សទាំង ២០នោះ ត្រូវបានធ្វើឡើងស្របទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
ច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានក្រុមតំណាងរាស្ត្របក្សកាន់អំណាចកែប្រែកាលពីថ្ងៃទី២០ ខែកុម្ភៈ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យធ្វើវិសោធនកម្មច្បាប់នេះ ដោយកំណត់មិនឲ្យអ្នកនយោបាយមានទោស ធ្វើជាប្រធាន និងអនុប្រធានគណបក្សនោះឡើយុ។
លើសពីច្បាប់ថ្មីនេះទៀតនោះ លោកហ៊ុន សែនបានបញ្ជាឲ្យសមត្ថកិច្ចរបស់លោក ចាប់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដាក់គុកត្រពាំងផ្លុង ទៀតផង។ ការចាប់ខ្លួនមេបក្សប្រឆាំងនេះ ត្រូវបានគេមើលឃើញថា លោកហ៊ុន សែនមានបំណង់បំបាក់លោកកឹម សុខានិងគណបក្ស សង្គ្រោះជាតិមុនការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ខាងមុខ៕
0 comments:
Post a Comment