(អង់ការ៉ា)៖ ប្រទេសតួកគី ប្តេជ្ញាស៊ើបអង្កេតឲ្យបានហ្មត់ចត់លើអ្នកដែលសង្ស័យក្នុងការទទួលខុសត្រូវចំពោះការដួលរលំនៃអគារ នៅក្នុងការរញ្ជួយដីដ៏សាហាវកាលពីសប្តាហ៍មុន ខណៈអាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១១៣នាក់រួចហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
អនុប្រធានាធិបតីតួកគី លោក ហ្វូអាត អក់ថាយ (Fuat Oktay) បាននិយាយថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន១១៣នាក់ ត្រូវបានកំណត់ថាជាអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារមួយចំនួនក្នុងចំណោមអគាររាប់ពាន់ខ្នងនៃខេត្តចំនួន១០ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីកាលពីថ្ងៃចន្ទសប្តាហ៍មុន។
លោក អក់ថាយ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទខ្លីមួយ នៅឯមជ្ឈមណ្ឌលសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងទីក្រុងអង់ការ៉ា យ៉ាងដូច្នេះថា «ដីកា
ឃុំខ្លួនត្រូវបានចេញសម្រាប់មនុស្សចំនួន ១១៣នាក់។ យើងនឹងតាមដានរឿងនេះឲ្យបានហ្មត់ចត់រហូតដល់តុលាការបិទបញ្ចប់ដំណើរការ ជាពិសេសអគារដែលរងការខូចខាតខ្លាំងនិងអគារដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួស»។
គួរបញ្ជាក់ថា តួលេខថ្មីចុងក្រោយនៃអ្នកស្លាប់ដោយគ្រោះរញ្ជួយដីបានបន្តកើនឡើងលើស ៣៣,០០០នាក់ នៅតួកគីនិងស៉ីរី ខណៈការជួយសង្រ្គោះនៅតែបន្តជាមួយនិងក្តីសង្ឃឹមតិចតួចនៃអ្នករស់រានមានជីវិត៕
0 comments:
Post a Comment