(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ការប្រកាសរបស់ របស់លោក ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អំឡុងសន្និសីទកាសែតរួមគ្នាជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលលោក ហ៊ុន សែនបានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។
លោក ហ៊ុន សែនបញ្ជាក់ថា «ខ្ញុំក៏បានប្រកាសជូន ឯកឧត្តម សន សៃ ទាក់ទិនទៅនឹងការផ្លាស់ប្តូរអ្នកទោសនៅកម្ពុជា គឺមិនចាំបាច់រង់ចាំការធ្វើបដិការទេ គឺកម្ពុជាសម្រេចនឹងផ្តល់អ្នកទោស ដែលជាប់ទោសនៅកម្ពុជា ឱ្យវិលត្រឡប់ មកកាន់ប្រទេសឡាវនេះ ឱ្យបានចូលឆ្នាំខ្មែរ»។
លោក ហ៊ុន សែនបានបន្តថា កម្ពុជាក៏នឹងផ្តល់អ្នកទោសជនជាតិថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសថៃវិញដែរ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្គ្រាន្តក្នុងពេលតែមួយរួមគ្នា។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ លោក ហ៊ិន សែនបានអះអាងថា លោកក៏បានប្រាប់ទៅលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ។
គួរជម្រាបថា យោងតាមរបាយការណ៍ដែលបង្ហាញដោយ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា បច្ចុប្បន្នអ្នកទោសជនជាតិឡាវ ដែលកំពុងអនុវត្តទោសនៅប្រទេសកម្ពុជា មានចំនួន៧៥នាក់ ក្នុងនោះ មានបទល្មើសគ្រឿងញៀន, រំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗទៀត។
ដោយឡែក សម្រាប់អ្នកទោសដែលជាជនជាតិថៃវិញ លោក នុត សវនា បញ្ជាក់ថា មានចំនួន១០៩នាក់ ក្នុងនោះមានបទល្មើសគ្រឿងញៀន, មនុស្សឃាត និងឃាតកម្ម, រំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗទៀត៕
0 comments:
Post a Comment