(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលនេះគ្រប់គ្រងការផ្សាយរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ VOD។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាននៅព្រឹកថ្ងៃនេះ។
សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ខៀវ កញារិទ្ធ បញ្ជាក់ថា៖ ប្រការ១: «លុបលិខិតលេខ១៦៥ព.ម.ប្រ.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន»។
សូមជំរាបថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមុិញលោកហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ការឈានទៅដល់ការបិទវិទ្យុឯករាជ្យមួយនេះ គឺបន្ទាប់ពីវិទ្យុនេះបានផ្សាយព័ត៌មានកាលពីថ្ងៃទី៨ កុម្ភ: ឆ្នាំ២០២៣ថា "លោក ហ៊ុន ម៉ាណែត បានដើរតួនាទីជំនួសលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ជាឪពុក ក្នុងការចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ក្នុងទឹកប្រាក់ចំនួន២០មុឺន ដុល្លារដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិនៅប្រទេសនេះ"។
សូមបញ្ជាក់ថា វិទ្យុសម្លេងប្រជាធិបតេយ្យ វីអូឌី គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ ដែលដំណើរការដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM)៕
0 comments:
Post a Comment