ធនាគារអេស៊ីលីដា (ACLEDA) សាខាខេត្តកំពង់ឆ្នាំង ប្តឹងពលរដ្ឋមួយគ្រួសារទៅតុលាការក្នុងករណីមិនមានលទ្ធភាពសងបំណុលក្នុងទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ។ ករណីនេះ មន្ត្រីសង្គមស៊ីវិលជំរុញដល់ភាគីពាក់ព័ន្ធចរចារកដំណោះ ស្រាយតាមការអំពាវនាវរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ធនាគារអេស៊ីលីដាខេត្តកំពង់ឆ្នាំង បានប្តឹងពលរដ្ឋដែលមិនមានលទ្ធភាពសងបំណុលទៅតុលាការហើយអាចឈានដល់ការរឹបអូសទ្រព្យសម្បត្តិ។
សាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីកានៅថ្ងៃទី១៧ ខែមេសា តម្រូវឱ្យលោកស្រី មាស មាម្លិះ និងលោក ច័ន្ទ រង្ស៊ី ជាប្តីប្រពន្ធត្រូវចូលខ្លួនទៅតុលាការ នៅថ្ងៃទី២៦ ខែឧសភា ខាងមុខ ដើម្បីបន្តនីតិវិធីតាមបណ្តឹងរបស់ធនាគារអេស៊ីលីដា។
ប៉ុន្តែដោយសារតែមិនអាចរកប្តីប្រពន្ធនេះ ឃើញទើបតុលាការចេញសេចក្តីជូនដំណឹងមួយទៀតនៅថ្ងៃទី១៩ ខែមេសា ដោយផ្សព្វផ្សាយដីកានោះជាសាធារណៈ ហើយសន្មតថា សាមីខ្លួនបានទទួល។
នាយិកាធនាគារអេស៊ីលីដា ខេត្តកំពង់ឆ្នាំង អ្នកស្រី សៅ សុវណ្ណីដា មិនបកស្រាយលើដំណើរការរឿងនេះទេគ្រាន់តែបញ្ជាក់ថា ក្រុមការងាររបស់អ្នកស្រីពិតជាបានប្តឹងមែន។
ចំណែកប្រធានប្រតិបត្តិធនាគារអេស៊ីលីដាទូទាំងប្រទេសលោក អ៊ិន ចាន់នី ក៏មិនបកស្រាយពីដំណើររឿងក្តីនេះដែរ ដោយគ្រាន់តែបញ្ជាក់ថា ជារឿងធម្មតា ហើយប្រទេសណាក៏មានករណីធនាគារប្តឹងអតិថិជនដែរ។
លោក អ៊ិន ចាន់នីបន្តថា៖ «អាហ្នឹងជារឿងធម្មតារបស់ធនាគារតើសនៅក្នុងសកលលោកគេធ្វើអ៊ីចឹង»។
មន្ត្រីទំនាក់ទំនងសាធារណៈនៃសមាគមធនាគារកម្ពុជា លោក សុខ ចាន់ ថ្លែងថា លោកមិនបានដឹងករណីធនាគារអេស៊ីលីដា នៅកំពង់ឆ្នាំងប្តឹងពលរដ្ឋទៅតុលាការនេះទេ។ ចំពោះចំនួនបណ្តឹងដែលធនាគារជាសមាជិក សមាគមរបស់លោកប្តឹងពលរដ្ឋ ទៅតុលាការចំនួនប៉ុន្មានករណីក្នុងឆ្នាំ២០២៣នេះ ក៏លោកមិនបានដឹងដែរ។
បញ្ហាបំណុលក្លាយជាបញ្ហាធំមួយនៅក្នុងសង្គម ស្របពេលដែលកសិករដាំដំណាំ ហើយមិនមានទីផ្សារ កម្មកររោងចក្រកាត់ដេរបាត់បង់ការងារដោយសាររោងចក្របន្តបិទទ្វារ។
ចំណែកបុគ្គលិកស្ថាប័នផ្តល់កម្ចី ក៏តែងតែរងការចោទប្រកាន់ថា បានបំភិតបំភ័យគំរាមកំហែងពលរដ្ឋជាកូនបំណុលឱ្យលក់ផ្ទះជាទីជម្រកស្នាក់នៅដើម្បីសងបំណុលគឺសូម្បីតែអំឡុងពេលវិបត្តិកូវីដ-19ក៏មានបញ្ហានេះដែរ។ ឥទ្ធិពលនៃបំណុលធ្វើឱ្យពលរដ្ឋមួយចំនួនរត់ចោលស្រុក ស្វែងរកការងារធ្វើនៅតំបន់ផ្សេងៗ ឬធ្វើពលករចំណាកស្រុក ហើយកូនៗពួកគេបាត់បង់ការសិក្សា។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា ថ្លែងថា លោកមិនដឹងថា ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងខេត្តនេះ ប្តឹងពលរដ្ឋទៅតុលាការប៉ុន្មានករណីទេ គ្រាន់តែដឹងថា មានការប្តឹងបន្តបន្ទាប់។
លោក សំ ចាន់គា ជំរុញឱ្យពលរដ្ឋជាកូនបំណុល និងស្ថាប័នផ្តល់កម្ចីព្យាយាម ចរចារកដំណោះស្រាយ។ លោកបារម្ភថា ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក នេះ បើមានការប្តឹងផ្តល់ឈានដល់ការរឹបអូសទ្រព្យសម្បត្តិធ្វើឱ្យជីវភាពពលរដ្ឋកាន់តែលំបាកវេទនា។
លោក សំ ចាន់គាបន្តថា៖ «គាត់អាចលក់ឡាយឡុងទ្រព្យសម្បត្តិគាត់ដើម្បីសងបំណុលគេ អ៊ីចឹងគាត់ត្រូវបាត់ជម្រកហើយ។ ទី២ក្រុមគ្រួសារគាត់ត្រូវបានបែកបាក់ព្រាត់ប្រាស់មួយទៅឆ្វេង មួយទៅស្តាំ ។ ទី៣នៅពេលគ្រួសារបែកបាក់កូនចៅត្រូវបោះបង់សាលា កូនក្មេងដែលត្រូវការរៀនសូត្រនោះត្រូវបាត់បង់ហើយ»។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើមខែមេសា ឆ្នាំ២០២៣ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវកុំឱ្យស្ថាប័នផ្តល់កម្ចីរឹបអូសទ្រព្យសម្បត្តិពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចជួបការលំបាកនេះ។
លោក ហ៊ុន សែនបញ្ជាក់ថា៖ «ទាក់ទិននឹងការអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ កុំមានការរឹបអូស កុំមានការចាប់ចងស្អីៗ សម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាត»។
ជុំវិញករណីប្តឹងពលរដ្ឋទៅតុលាការនៅខេត្តកំពង់ឆ្នាំង សាស្ត្រាចារ្យ និងជាទីប្រឹក្សាច្បាប់ លោក ស៊ឹម វិបុល លើកទឹកចិត្តឱ្យពលរដ្ឋជាកូនបំណុលចេញមុខតតាំងនៅតុលាការដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
លោក ស៊ឹម វិបុលបន្តថា៖ «ក្នុងរឿងកិច្ចសន្យាខ្ចីប្រាក់ជារដ្ឋប្បវេណីទេ ខ្ញុំថា គួរចូលតែបើអត់ចូលគេចខ្លួនទៅជាបទល្មើសមួយទៀត។ អ៊ីចឹងគួរតែតតាំងទៅសុំតុលាការអ៊ីចឹង ទៅបង្ហាញគេទៅថាយើងនៅតែមានចេតនាក្នុងការសង»៕
0 comments:
Post a Comment