សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 14, 2020

ពិភពលោកអរគុណសម្តេចតេជោ ហ៊ុន សែនចំពោះទឹកចិត្ត មនុស្សធម៌ជួយស្រោច ស្រង់ជីវិតមនុស្សជាង២២០០នាក់ នៅលើនាវា WESTERDAM!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(ក្រុងព្រះសីហនុ)៖ បើយើងតាមតាន ព័ត៌មានអន្តរជាតិនៅលើកញ្ចក់ទូរទស្សន៏ CNN BBC និងFox News គឺពិភពលោកអរគុណសម្តេចតេជោ ហ៊ុន សែនចំពោះទឹកចិត្តមនុស្សធម៌ជួយស្រោចស្រង់ ជីវិតមនុស្សជាង២២០០នាក់នៅលើនាវា WESTERDAM របស់សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះពោលចំថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ WESTERDAM មានអ្នក ផ្ទុកមេរោគកូរ៉ូណាក៏ដោយ ក៏ត្រូវតែអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដែរ ហើយត្រូវចូលចតឲ្យបាន លឿនបំផុតទៀតផង ព្រោះអ្នកជំងឺចាំបាច់ត្រូវព្យាបាល និងជួយ សង្រ្គោះអាយុជីវិតមនុស្សជាបន្ទាន់ ដោយមិនអាចទុកឲ្យអ្នកដំណើរទាំងអស់គ្នា នៅកប៉ាល់ស្លាប់ នៅកណ្តាលសមុទ្រនោះទេ។


សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះមិនមែនជាពេលវេលាដែលត្រូវភ័យខ្លាច និងជាពេលវេលាត្រូវរើសអើងនោះទេ តែជាពេលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈមនានាលើសកលលោក។
ការថ្លែងសារដ៏មានអត្ថន័យទៅកាន់ពិភពលោកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន , ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសចរទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬ Covid-19 ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងពីអ្នកដ៏ទៃ ឬប្រទេសដ៏ទៃអាចយល់ថា ចុះបើមានជំងឺ កូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនមាន អ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺនោះ ស្លាប់នៅលើ នាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា»
នៅក្នុងឱកាសនៃការថ្លែងសារដ៏មានសារៈសំខាន់ នៅទីដែលកប៉ាល់ទេសចរណ៍ដ៏ធំរបស់ សហរដ្ឋអាមេរិក ផ្ទុកមនុស្សជាង២,២០០នាក់ ចូលសំចតនៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា នេះជាបញ្ហាដែលត្រូវឃើញអំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់កម្ពុជា ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិដែល មានការទទួលខុសត្រូវ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែអះអាងថា សម្ដេចមកទីនេះទោះបីរយៈពេលខ្លី តែសម្ដេច ក៏នឹងបញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍ អន្ដរជាតិផងដែរថា ពេលនេះមិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលត្រូវធ្វើការរើសអើង នោះទេ តែជាពេលដែលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបាន និងកំពុងយាយី មិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវនេះរួច ទៅហើយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការហួសចិត្ត និងមិនយល់ក្នុងចិត្ដនូវពាក្យដែលថា «តើឲ្យយើងនិយាយអំពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបាន គោរពផងនោះ។ សម្ដេចសង្កត់ធ្ងន់ថា កម្ពុជាយកការទទួលខុសត្រូវមួយ នៅលើបញ្ហា គោរពសិទ្ធិមនុស្សជាចំបង ហើយដំបូងបំផុត ត្រូវគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង២,២០០នាក់នៅលើនាវានេះ និងមានរហូតដល់៤១សញ្ជាតិ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះប្រទេសកម្ពុជា បានធ្វើនូវកិច្ចការ ទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្សវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង ២,២០០នាក់ នៅលើនាវានេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា គួរតែយល់និងមានមោទនភាព នៅពេលរាជរដ្ឋាភិបាលសម្រេចចិត្តបែបនេះ។ បន្ថែមពីនេះ សម្ដេចក៏បានអរគុណដល់ប្រជាជន កម្ពុជា ដែលបានលើកទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់សម្ដេច ក្នុងការដែលឲ្យនាវា នេះបានចូលមកកាន់ទឹកដីកម្ពុជា ដែលតាមរយៈទឹកដីកម្ពុជាមនុស្សទាំង៤១សញ្ជាតិនេះបាន ធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន ជួបជុំក្រុមគ្រួសារ ដោយពុំមានការភ័យខ្លាចនោះទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger